Translate

ក្រសួង​សេដ្ឋកិច្ច កែសម្រួល​តម្លៃ​ដី នៅ​ភ្នំពេញ ដើម្បី​ប្រមូល​ពន្ធ ឆ្នាំ​២០១២


ភ្នំពេញ: ដើម្បី​សម្រួល​ដល់​ការ​រ​អនុវត្ត​ប្រមូល​ពន្ធ លើ​អចលនទ្រព្យ ដី និង​ផ្ទះ សម្រាប់​ឆ្នាំ​២០១២ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​កែសម្រួល​នូវ​តម្លៃ​អចល​ទ្រព្យ ដី និង​ផ្ទះ ឡើងវិញ​។ តម្លៃ​ដី​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បែងចែក​ជា​ពីរ​តំបន់​។ នេះ​បើ​យោង​តាម​អត្ត​បទ ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​។

​ក្នុង​កិច្ចប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ លោក អោម ច​ន ប្រធាន​នាយកដ្ឋាន​ច្បាប់ វិវាទ និង​ស្ថិតិ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឲ្យដឹងថា ការអនុវត្ត​ប្រមូល​ពន្ធ​អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១១ កន្លងមក បាន​ដំណើរការ​ល្អ មាន​ភាពរលូន និង​ប្រសិទ្ធិ ភាព​បង្គួរ​គួរ​ជាទី​មោទន​។

​ទន្ទឹមនះ លោក ឱម ច​ន បាន​លើកឡើង​ថា កាលពី​ឆ្នាំ​២០១១ ក៏​នៅ​មាន​ការតវ៉ា​ពី​ម្ចាស់​អចលនទ្រព្យ​នូវ​តម្លៃ​អចលនទ្រព្យ​មួយចំនួន​តូច​ផង​នោះ ទើប​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ធ្វើ​ការកែសម្រួល​តម្លៃ​អចលនទ្រព្យ​ឡើងវិញ ឲ្យបាន​សមស្រប នៅតាម​បណ្តា​ទីតាំង​មួយចំនួន ដូចខាងក្រោម​៖

- តំបន់ I (​ខណ្ឌដូនពេញ ខណ្ឌ ៧ មករា ខណ្ឌចំការមន និង​ខណ្ឌ​ទួលគោក​): ប្រភេទ​១ មានតម្លៃ ៧៥០ ដុល្លារ​, ១.០០០ ដុល្លារ និង ១.៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ និង​ប្រភេទ​២ មានតម្លៃ ៥០០ ដុល្លារ​, ៧៥០ ដុល្លារ និង​១.០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​

- តំបន់ II (​ខណ្ឌ​ឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) :​ប្រភេទ​១ តម្លៃ ១.០០០ ដុល្លារ /​ម​២ ប្រភេទ​២ តម្លៃ ៧៥០ ដុល្លារ /​ម​២ ប្រភេទ​៣ តម្លៃ ៥០០ ដុល្លារ /​ម​២ ប្រភេទ​៤ តម្លៃ ៣៥០ ដុល្លារ /​ម​២ ប្រភេទ​៥ តម្លៃ ៣០០ ដុល្លារ /​ម​២ ប្រភេទ​៦ តម្លៃ ២០០ ដុល្លារ /​ម​២ ប្រភេទ​៣ តម្លៃ ១០០ ដុល្លារ /​ម​២ ប្រភេទ​៨ តម្លៃ ៧៥ ដុល្លារ /​ម​២ ប្រភេទ​៩ តម្លៃ ៥០ ដុល្លារ /​ម​២ និង​ប្រភេទ ១០ គឺជា​អចលនទ្រព្យ ដែល​ស្ថិតនៅ​តាម​ភូមិ​ជាយក្រុង ដែល​មាន​តម្លៃ​ចាប់ពី ២ ដុល្លារ រហូត ដល់ ១៥០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ នៅ​តាម​ស្ថានភាព​ជាក់ស្តែង​។​

​ចំណែក​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​វាយតម្លៃ​ឡើងវិញ អំពី​តម្លៃ​អចលនទ្រព្យ បាន​គូសបញ្ជាក់ថា ការបង់ពន្ធ​លើ​អចលនទ្រព្យ គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​កាលពី​ឆ្នាំ ២០១១ កន្លង​មក​មកនេះ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ បាន​សហការ​ជាមួយ​អង្គភាព​ពន្ធដារ ពិសេស ការចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ធ្វើឲ្យ ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ ប្រព្រឹត្តទៅ​បាន​យ៉ាង​គាប់ប្រសើរ​។

​លោក​អភិបាលរង បាន​បន្តទៀតថា បន្ទាប់​ពី​មានការ​ឯកភាព​ចំពោះ​តម្លៃ​ពន្ធ​អចលនទ្រព្យ ដែល​បាន​កែសម្រួល​ឡើងវិញ សម្រាប់​ឆ្នាំ​២០១២ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយ​នោះ អាជ្ញាធរ​មូលដ្ឋាន ដែលជា​អ្នក​អនុវត្ត​ផ្ទាល់​ទាំងអស់​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ជូន​ដល់​ប្រជាពលរដ្ឋ សំខាន់​ត្រូវ​ពន្យល់​ពួកគាត់​ឲ្យបាន​ជ្រួតជ្រាប និង​យល់ដឹង​ពី​កាតព្វកិច្ច​នៃ​ការបង់ពន្ធ​នេះ​។

​ទន្ទឹមនេះ លោក​អភិបាលរង បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា "​កន្លង​មក​មក ការប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​ធម្មតា គឺ​យើង​បាន​អនុវត្ត​ទៅ​បាន​ដោយ​រលូន តែ​ចំពោះ​គ​ហិប​តី និង​អ្នកមាន​ដី​ធំៗ​វិញ យើង​នៅ​ជួប ការលំបាក​នៅឡើយ ដូចនេះ​អាជ្ញាធរ​ត្រូវតែ​ធ្វើ​លិខិត​អញ្ជើញ​ពួកគាត់​ទាំងនោះ ឲ្យមក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ជូន​រដ្ឋ​ដូច​ប្រជាជន​ទូទៅ​ផងដែរ​។ ក្នុង​ករណី​បាន​អញ្ជើញ​ពួកគាត់​ចំនួន​បី​លើក​រួច​ហើយ ពួកគាត់​នៅតែ​មិន​មក បំពេញ​កាតព្វកិច្ច​នេះ​ទៀត អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើ​សេចក្តីរាយការណ៍​ជាបន្ទាន់​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បីឲ្យ សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​សុំ​គោលការណ៍​ដឹកនាំ​ពី ក្រសួងមហាផ្ទៃ ពិសេស សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់​"៕​

សន្និសីទ​កំពូល​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​គ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ​ខាងកើត ផ្ដោតលើ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពណ៌​ខៀវ​


ភ្នំពេញ: សន្និសីទ​កំពូល​ប្រទេស​ដៃគូ​អភិវឌ្ឍន៍​គ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ​ខាងកើត នៅ​ទីក្រុង​ឆាង​វ៉ុ​ន នៃ​សាធារណរដ្ឋ​កូរ៉េ បាន​ផ្ដោតទៅលើ​សេដ្ឋកិច្ច​ប៉ៃ​តង និង​ខៀវ ដែល​កិច្ចប្រជុំ​នោះ បាន​ដំណើរការ បី​ថ្ងៃ ដែល​ភាគី​កម្ពុជា ដឹកនាំ​គណៈប្រតិភូ ដោយ​លោក​ទេសរដ្ឋមន្ត្រី ម៉ុក ម៉ារ៉េត រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែលមាន​ការចូលរួម​ពី​បណ្ដា​ប្រទេស​អាស៊ាន​ទាំង​ដប់ និង​មានការ​ចូលរួម​ពី​ប្រទេស​ជប៉ុន ចិន កូរ៉េ​ទាំងពីរ​ផងដែរ​។​

​លោក​ទេសរដ្ឋមន្ត្រី បាន​បញ្ជាក់ថា នៅក្នុង​កិច្ចប្រជុំ នៃ​អង្គ​សន្និសីទ​កំពូល​នោះ បាន​វាយតម្លៃ​បំផុត​ទៅលើ​ជោគជ័យ នៃ​ការអភិវឌ្ឍ​តំបន់ឆ្នេរ​ប្រកបដោយ​ចីរភាព និង​មាន​កិច្ចការ​ការពារ​បរិស្ថាន បានល្អ​ប្រសើរ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ និង​ការចូលរួម​សហគមន៍ ក្នុងការ​គ្រប់គ្រង​បរិស្ថាន និង​អភិវឌ្ឍន៍​សេដ្ឋកិច្ច រួមទាំង​អ្នកវិនិយោគ និង​កិច្ចការពារតំបន់ឆ្នេរ ដោយមាន​ការចូលរួម​ពី​អ្នកនេសាទ និង​អ្នក​នាវាចរណ៍​។​

​លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់​ទៀតថា ការអភិវឌ្ឍ​ដោយ​ចីរភាព​សមុទ្រ​អាស៊ី​បូព៌ា​នេះ បាន​ផ្តោតទៅលើ​សេដ្ឋកិច្ច​ពណ៌​ខៀវ “​សមុទ្រ​” ពីព្រោះ​សមុទ្រ​ជា​ប្រភព​នូវ​ធនធាន​មហាសាល សម្រាប់​អភិវឌ្ឍន៍​សេដ្ឋកិច្ច នៃ​ប្រទេស​នីមួយៗ ក៏ដូចជា​និរន្តរភាព​បរិស្ថាន​ផងដែរ​។ ដូច្នេះ​ត្រូវតែ​ធ្វើយ៉ាងណា ធានា​នូវ​និរន្តរភាព​បរិស្ថាន​តំបន់​សមុទ្រ ក៏ដូចជា ជីវសាស្ដ្រ​បរិស្ថាន​សមុទ្រ​ផងដែរ​។

​លោក ម៉ុក ម៉ារ៉េត បានបញ្ជាក់​បន្ថែមថា នៅក្នុង​សន្និសីទ​នោះ បាន​វាយតម្លៃ​លើ​ការអភិវឌ្ឍ​ដោយ​ជោគជ័យ នៃ​ការដឹកនាំ​របស់​រដ្ឋាភិបាល​ប្រទេស​នីមួយៗ និង​ការចូលរួម​ជ្រោមជ្រែង​ពី​អង្គការ​អន្តរជាតិ​យ៉ាងសកម្ម ដោយ​រៀបចំ​ជា​មណ្ឌល​ពិសោធន៍​គំរូ នៃ​ការអភិវឌ្ឍ​ដោយ​ចីរភាព​។

​លោក​បញ្ជាក់ថា “​ក្នុង​រាជរដ្ឋាភិបាល​របស់​យើង ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ ប៉ិនប្រសព្វ ភ្លឺស្វាង​ពោរពេញ​ដោយ​គតិបណ្ឌិត​របស់​ស​ម្ដេច​តេ​ជោ គឺ​តាំងពី​ឆ្នាំ​១៩៩៤ យើង​បាន​ចូល​ជា​សមាជិក នៃ​អង្គការ​ដៃគូ​គ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ​”​។​

​លោក​ទេសរដ្ឋមន្ត្រី​បាន​បន្ថែមថា អង្គការ​នេះ បានជ្រើសរើស​យក​ឆ្នេរសមុទ្រ​ខេត្ត​ព្រះសីហនុ ធ្វើជា​ឆ្នេរ និង​សមុទ្រ​គំរូ នេះ​ជា​ជោគជ័យ​របស់​កម្ពុជា ដែល​បានរៀបចំ​តាំងពី​ឆ្នាំ​១៩៩៤ មក ហើយ​មិនមែនជា​គំរូ​តែ​ខេត្ត​ព្រះសីហនុ​ទេ គឺ​គំរូ​បន្តបន្ទាប់​ដល់​ទៅ​បី​ខេត្ត​ទៀត គឺ​ឆ្នេរសមុទ្រ​ខេត្តកំពត​, កែប និង​កោះកុង ដែល​ត្រូវបាន​អន្តរជាតិ​ទទួលស្គាល់ថា ឆ្នេរ​របស់​កម្ពុជា ជា​ឆ្នេរ​ល្អ​ជាងគេ​លើ​ពិភពលោក​។ នេះ​ដោយសារតែ​កិច្ចការពារបរិស្ថាន​បានល្អ ក្រោម​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល ដោយ​ថែរក្សា​កុំ​ឲ្យ​មានការ​ខូចខាត​តំបន់ ក្រោម​ពាក្យស្លោក “​ផ្កាយ​រះ​ពី​ទិស​នារ​តី​” បាន​ស្រប​ទៅ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ពណ៌​ខៀវ​។​

​លោក ម៉ុក ម៉ារ៉េត បាន​ឲ្យ​ដឹងថា អង្គការ​ដៃគូ​គ្រប់គ្រង​បរិស្ថាន​តំបន់ឆ្នេរ និង​សមុទ្រ ជ្រើស​រើសយក​ខេត្ត​បី​ទៀត​របស់​កម្ពុជា មាន​ខេត្ត​កែប កំពត និង​កោះកុង ជា​ឆ្នេរ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​សេដ្ឋកិច្ច​ពណ៌​ខៀវ ហើយ​នៅ​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀត ក៏មាន​ការពង្រីក​ដូច​កម្ពុជា​ដែរ ដែលជា​ការដាក់​ទិស​នៃ​អង្គ​សន្និសីទ ក្នុងការ​អ​ភ​វឌ្ឍន៍​ដោយ​ចីរភាព រយៈពេល​ឆ្នាំ​៥ របស់​ប្រទេស​នីមួយៗ នៃ​សេដ្ឋកិច្ច​ពណ៌​ខៀវ​៕​

“​បុគ្គលិក​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​” អាចជួយ​ឲ្យ​ក្រុមហ៊ុន​ចំណេញ​ប្រាក់​ជាច្រើន​ម៉ឺន​ដុល្លារ​

ភ្នំពេញ: ​ការជួល ​“​អ្នក​ពូកែ​” ​ផ្នែក​បច្ចេកទេស​ ឲ្យ​បម្រើ​ការងារ​នៅក្នុង​ក្រុមហ៊ុន អាចជួយ​ឲ្យ​ក្រុមហ៊ុន​ធម្មតានៅក្នុង​ប្រទេស​កម្ពុជា សន្សំសំចៃ​ប្រាក់បាន​ដល់​ទៅ​រាប់ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ ហើយ​អាចធ្វើ​ឲ្យ​ក្រុមហ៊ុន​មាន​ប្រសិទ្ធភាព​កាន់តែ​ប្រសើរ​ជាង​មុន​។ នេះ​បើ​យោងតាមក្រុមហ៊ុនផ្ដល់​សេវា​អ៊ិន​ធើ​ណិ​ត ឈានមុខ​គេ​មួយ​នៅ​កម្ពុជា​។​

​យោងតាម​ក្រុមហ៊ុន Ezecom ការ​មាន​បុគ្គលិក​ដែលមាន​ជំនាញ​ផ្នែក IT នៅក្នុង​ក្រុមហ៊ុន អាចជួយ​ធ្វើ​ឲ្យ​ក្រុមហ៊ុនក្នុងស្រុក​ដើរទា​ន់​ការវិវឌ្ឍ និង​ការរីកចម្រើនផ្នែក​បច្ចេកវិទ្យា ដែល​អាច​ចំណេញ​ប្រាក់​ដល់​ក្រុមហ៊ុន និង​បង្កើន​ប្រសិទ្ធភាព​នៃ​កិច្ចដំណើរការ​ប្រចាំថ្ងៃ​។​

​ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​ក្រុមហ៊ុន Ezecom លោក អេង សុខ​ហេង​ម៉េង មានប្រសាសន៍ថា ការជួល​បុគ្គលិកដែលមាន​ជំនាញ​ផ្នែកបច្ចេកវិទ្យា អាច​បើកទ្វារទៅរក​បណ្ដាញ​ និង​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើបៗ ដូចជា MPLS (Multiprotocol Label Switching) និង VPNs (Virtual Private Networks)​។​

​លោក អេង សុខ​ហេង​ម៉េង មានប្រសាសន៍ថា “​ក្រុមហ៊ុន​ភាគច្រើនបំផុត​មិនចេះ​វាក្យ​ស័ព្ទ​បច្ចេកវិទ្យា ​ដើម្បី​អាច​ពិភាក្សាអំពី​ប្រព័ន្ធបច្ចេកវិទ្យាចុងក្រោយ ដែល​អាចជួយ​ឲ្យ​ក្រុមហ៊ុន​ពួកគេ​ចំណេញ​ប្រាក់​ឡើយ​។ ក្រុមហ៊ុន Ezecom យើង​រង់ចាំ​ផ្ដល់​ការណែនាំ​ក៏ពិតមែន ប៉ុន្តែវា​នឹង​ងាយស្រួល​សម្រាប់​យើង ប្រសិនបើ​មាន​អ្នកជំនាញ​ដែល​អាច​សួរ​សំណួរ​ចំៗ និង​ប្រមូល​ព័ត៌មានត្រឹមត្រូវ សម្រាប់​ការដំឡើង និង​ប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយ​”​។​

​យោងតាម​លោក អេង សុខ​ហេង​ម៉េង ក្រុមហ៊ុន​ក្នុងស្រុក​ដែល​ប្រើប្រាស់ MPLS និង VPN សន្សំសំចៃ​ប្រាក់​បាន​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយឆ្នាំៗ ពី​ការចំណាយលើ​ប្រព័ន្ធ ទំនាក់ទំនង​។ ប៉ុន្តែបច្ចុប្បន្នមាន​ក្រុមហ៊ុន​តែ ២០%​ ប៉ុណ្ណោះ ដែល​កំពុង​ទាញយក​ផលប្រយោជន៍​ពី​ការ​សន្សំសំចៃ​នេះ ដោយ​ប្រើប្រាស់ MPLS និង VPN​។​

​លោក អេង សុខ​ហេង​ម៉េង មានប្រសាសន៍​បន្ថែមថា “​ការ​មាន​អ្នកជំនាញ​បច្ចេកទេស​នៅក្នុង​ជួរ​បុគ្គលិក នឹង​ជួយ​ក្រុមហ៊ុន​ផ្ដល់​សេវា គមនាគមន៍ និង​អ៊ិន​ធើ​ណិ​ត ដូចជា Ezecom ដើម្បី​ផ្ដល់ជូន​នូវ​ប្រព័ន្ធ​និង​បណ្ដាញ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់​និង​អស់​ការចំណាយ​តិច​ដល់​អតិថិជន​”​។​

MPLS ឬ Multiprotocol Label Switching គឺជា​កម្មវិធី​ទំនាក់ទំនង​មួយ​ដែលមាន​ប្រសិទ្ធភាព​ខ្ពស់ ដែល​បំបែក​បណ្ដាញ network មួយ​ទៅជា​បំណែក​ដាច់ដោយឡែកៗ​។ បំណែក​ទាំងនេះ​ត្រូវបាន​ផ្គុំ​គ្នា​វិញ​ដើម្បី​បង្កើតជា​បណ្ដាញ​ពេញលេញ​មួយ ដែល​បង្កើន​នូវ​ភាព​អាច​ជឿជាក់ បាន ការដោះស្រាយ​បញ្ហា និង​សន្តិសុខ​កាន់តែ​ប្រសើរឡើង​។ MPLS នេះ​ស័ក្ដិសម​ជាពិសេស​សម្រាប់​ប​ណ្ដា​ញ network របស់​ក្រុមហ៊ុន​។

VPN គឺជា​បណ្ដាញ network ឯកជន​ដែល​ត​ភ្ជាប់​ទៅវិញទៅមក​ជាមួយ​បណ្ដាញ network ដែល​នៅ​ឆ្ងាយ​។ បណ្ដាញ​នេះ​ស័ក្ដិសម​បំផុត​សម្រាប់​ការប្រើប្រាស់​ ដើម្បី​ត​ភ្ជាប់​ពី​ការិយាល័យ​មួយ​ទៅ​ការិយាល័យ​មួយ​។ នៅក្នុង​ប្រទេស​កម្ពុជា បណ្ដាញ​បែបនេះ​ក៏​ត្រូវបាន​ប្រើប្រាស់​ សម្រាប់​ការតភ្ជាប់​ការិយាល័យ​នៅតាម​ខេត្ត​ ជាមួយនឹង​ការិយាល័យ​កណ្ដាល​នៅក្នុង​ទីក្រុង​ធំៗ​ផងដែរ​។

​ក្រុមហ៊ុន Ezecom ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៧ ហើយ​ចាប់តាំងពី​ពេល​នោះមក បាន​ក្លាយជា​ក្រុមហ៊ុនផ្ដល់​សេវា​គមនាគមន៍ឈានមុខ​គេ​។ Ezecom ផ្ដល់​សេវា​ខ្សែកាប​អុ​ប​ទិ​ក WIMAX និង​ដំណោះស្រាយ​តាម​ប្រព័ន្ធ​អ៊ិន​ធើ​ណិ​ត ដល់​បណ្ដា​ក្រុមហ៊ុន និង​អតិថិជន នៅ​ទូទាំងប្រទេស​កម្ពុជា​។ ថ្មីៗ​នេះ Ezecom បាន​ទិញយក​ក្រុមហ៊ុន​ខ្សែកាប​អុ​ប​ទិ​ក Telcotech ដែល​ផ្តល់​លទ្ធភាពឲ្យ​ក្រុមហ៊ុន​ពង្រីកសេវា​គ្របដណ្ដប់ ដល់​ទៅ ៩៩% នៅ​ទូទាំងប្រទេស​៕

ក្រុមហ៊ុន CELLCARD ទទួល​រង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី​


ភ្នំពេញ: Cellcard ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បានទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន ដែលមាន​មនុស្ស ជាច្រើន ចង់​បម្រើការ​ឲ្យ​។ ថ្មីៗ​នេះ ក្រុមហ៊ុន Cellcard ដែល​បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រមាណ ៧០០​នាក់​នៅ​ទូទាំងប្រទេស បានទទួល ពានរង្វាន់ និយោជក​ល្អ​បំផុត នៅ​អាស៊ី​សម្រាប់​ឆ្នាំ​២០១២​។ ពានរង្វាន់​ដែល​ត្រូវបាន​ប្រគល់ជូន​លោកស្រី Nicky Enriquez ប្រធាន​ផ្នែក​ធនធានមនុស្ស​របស់ Cellcard នៅឯ​ពិធី​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ទទួលស្គាល់​ស្ថាប័ន​ចំនួន​១០០​នៅ​ទូទាំង​តំបន់​អាស៊ី ដែល​បង្ហាញ​ឲ្យ​ឃើញ នូវ​ការប្ដេជ្ញាចិត្ត ធ្វើជា ”​និយោជក​ដែល​បុគ្គលិក​ចូលចិត្ត​”​។

​ពានរង្វាន់​នេះ​ត្រូវបាន​ផ្ដល់ជូន​ជា​រៀងរាល់ឆ្នាំ​ដល់​ក្រុមហ៊ុន​ទាំងឡាយ ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការប្ដេជ្ញាចិត្ត ក្នុងការ​អនុវត្ត​ការគ្រប់គ្រង ធនធានមនុស្ស និង​យុទ្ធសាស្ត្រ​ស្លាក​សញ្ញា​ប្រកបដោយ​វិជ្ជាជីវៈ​។ ក្រុមហ៊ុន​ត្រូវបាន​វិនិច្ឆ័យ​ដោយ​ផ្អែកលើ​លទ្ធភាព​របស់ខ្លួន ក្នុងការ​ទាក់ទាញ និង​រក្សា​បុគ្គលិក ឲ្យ​នៅ​បម្រើ​ការងារ​។ ជ័យលាភី​ផ្សេងទៀត រួមមាន​សាខា​និង​ក្រុមហ៊ុន សម្ព័ន្ធ របស់​សាជីវកម្ម ធំៗ ដូចជា Google, Unilever, Microsoft, KPMG, P&G, Hutchison និង Huawei​។

​ប្រធាន​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Cellcard លោកស្រី Nicky Enriquez មានប្រសាសន៍ថា “​នេះ​ជា​សមិទ្ធផល ដ៏​ធំធេង ដែល​ក្រុមហ៊ុន យើង​ត្រូវបាន​ទទួលស្គាល់ថា ជា​និយោជក ដែលមាន​មនុស្ស​ជាច្រើន ចង់​បម្រើការ​ឲ្យ​។ Cellcard គឺជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ ដែល​ប្រតិបត្តិការ យូរ​ជាងគេ​បំផុត នៅ​កម្ពុជា និង​ជា​និយោជក​ធំជាងគេ​បំផុត​មួយ​ក្នុងចំណោម​និយោជក​ធំ​បំផុត​ជាច្រើន​នៅ​កម្ពុជា​។ ពានរង្វាន់​នេះ​គឺជា​ការបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​និង​កិច្ចប្រឹងប្រែង​របស់​យើង​ក្នុងការ​បង្កើត​ការងារ និង​អភិវឌ្ឍន៍​ជំនាញ​នៅក្នុង​ប្រទេស​”​។​

​យោងតាម​វិទ្យាស្ថាន Employer Branding Institute ដែល​រៀបចំ​ពានរង្វាន់​នេះ ចៅក្រម​មួយក្រុម​មកពី ប្រទេស​ខុសៗ​គ្នា នៅក្នុង​តំបន់​អាស៊ី ជា​អ្នក​ជ្រើសរើស ក្រុមហ៊ុន​នានា មកពី​តំបន់​អាស៊ី​។ បន្ទាប់មក ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​អញ្ជើញ​ឲ្យ​ប្រឡងប្រជែង​គ្នា​សម្រាប់​ពានរង្វាន់​ជាច្រើន ដែល​រាប់​តាំងពី​ពានរង្វាន់​និយោជក​ល្អ​បំផុត​រហូតដល់​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅក្នុង​ការងារ​។​

​លោកស្រី Enriquez មានប្រសាសន៍​បន្ថែមថា “​ជា​កិត្តិយស​ខ្លាំងណាស់ ដែល​ក្រុមហ៊ុន​យើង ត្រូវបាន​គេ​ពិចារណា​រួម ជាមួយនឹង​ក្រុមហ៊ុន​ធំៗ បំផុត នៅលើ​ពិភពលោក​។ នេះ​បង្ហាញ​អំពី​ភាព​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ខ្ពស់បំផុត​នៅក្នុង​ការគ្រប់គ្រង​បុគ្គលិក ក៏ដូចជា​ប្រតិបត្តិការ​ធុរកិច្ច​ទូទៅ​”​។​

​ពិធី​ប្រគល់​ពានរង្វាន់​ដែល​បានធ្វើ​ឡើង​នៅឯ​សណ្ឋាគារ Park Royal នៅ​ប្រទេស​សិង្ហ​បុរី កាលពី​សប្ដាហ៍​កន្លងទៅ មានការ​ចូលរួម ពី​សំណាក់ ប្រធាន​ក្រុមហ៊ុន និង​ប្រធាន​ផ្នែក ធនធានមនុស្ស មកពី​ប្រទេស​នានា​ទូទាំង​តំបន់​។ Cellcard គឺជា​បណ្ដាញ​ទូរគមនាគមន៍ ឈានមុខ​គេ នៅក្នុង ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Cellcard ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៦ និង​បានផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត ដល់​ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លះ​កន្លងមក​។

​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង ៧០០​នាក់​ដែល​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ​ជាច្រើន​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា និង​មាន​អតិថិជន ប្រមាណ ៣​លាន​នាក់ ដែលមាន​បណ្ដាញ​សេវា​ទូរស័ព្ទ​ចល័ត​គ្របដណ្ដប់​ទូទាំងប្រទេស​។ ទោះ​ស្ថិតក្នុង​ទីផ្សារ ទូរគមនាគមន៍ ដែល​វិ​វ​ឌ្ឍ ឥតឈប់ឈរ​ក្ដី ក្រុមហ៊ុន Cellcard នៅតែ​បន្ដ​ផ្ដល់​សេវា​ជូន​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ប្រកបដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់​៕
Give our kids a better deal