Translate

ក្រសួង​សេដ្ឋកិច្ច កែសម្រួល​តម្លៃ​ដី នៅ​ភ្នំពេញ ដើម្បី​ប្រមូល​ពន្ធ ឆ្នាំ​២០១២


ភ្នំពេញ: ដើម្បី​សម្រួល​ដល់​ការ​រ​អនុវត្ត​ប្រមូល​ពន្ធ លើ​អចលនទ្រព្យ ដី និង​ផ្ទះ សម្រាប់​ឆ្នាំ​២០១២ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានសម្រេច​កែសម្រួល​នូវ​តម្លៃ​អចល​ទ្រព្យ ដី និង​ផ្ទះ ឡើងវិញ​។ តម្លៃ​ដី​នៅ​រាជធានី​ភ្នំពេញ ត្រូវបាន​បែងចែក​ជា​ពីរ​តំបន់​។ នេះ​បើ​យោង​តាម​អត្ត​បទ ចុះផ្សាយ​ក្នុង​គេហទំព័រ​របស់​សាលា​រាជធានី​ភ្នំពេញ​។

​ក្នុង​កិច្ចប្រជុំ នៅ​សាលា​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០១២ លោក អោម ច​ន ប្រធាន​នាយកដ្ឋាន​ច្បាប់ វិវាទ និង​ស្ថិតិ នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បានឲ្យដឹងថា ការអនុវត្ត​ប្រមូល​ពន្ធ​អចលនទ្រព្យ នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១១ កន្លងមក បាន​ដំណើរការ​ល្អ មាន​ភាពរលូន និង​ប្រសិទ្ធិ ភាព​បង្គួរ​គួរ​ជាទី​មោទន​។

​ទន្ទឹមនះ លោក ឱម ច​ន បាន​លើកឡើង​ថា កាលពី​ឆ្នាំ​២០១១ ក៏​នៅ​មាន​ការតវ៉ា​ពី​ម្ចាស់​អចលនទ្រព្យ​នូវ​តម្លៃ​អចលនទ្រព្យ​មួយចំនួន​តូច​ផង​នោះ ទើប​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ធ្វើ​ការកែសម្រួល​តម្លៃ​អចលនទ្រព្យ​ឡើងវិញ ឲ្យបាន​សមស្រប នៅតាម​បណ្តា​ទីតាំង​មួយចំនួន ដូចខាងក្រោម​៖

- តំបន់ I (​ខណ្ឌដូនពេញ ខណ្ឌ ៧ មករា ខណ្ឌចំការមន និង​ខណ្ឌ​ទួលគោក​): ប្រភេទ​១ មានតម្លៃ ៧៥០ ដុល្លារ​, ១.០០០ ដុល្លារ និង ១.៥០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ និង​ប្រភេទ​២ មានតម្លៃ ៥០០ ដុល្លារ​, ៧៥០ ដុល្លារ និង​១.០០០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ​។​

- តំបន់ II (​ខណ្ឌ​ឫស្សីកែវ ខណ្ឌមានជ័យ ខណ្ឌដង្កោ ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​) :​ប្រភេទ​១ តម្លៃ ១.០០០ ដុល្លារ /​ម​២ ប្រភេទ​២ តម្លៃ ៧៥០ ដុល្លារ /​ម​២ ប្រភេទ​៣ តម្លៃ ៥០០ ដុល្លារ /​ម​២ ប្រភេទ​៤ តម្លៃ ៣៥០ ដុល្លារ /​ម​២ ប្រភេទ​៥ តម្លៃ ៣០០ ដុល្លារ /​ម​២ ប្រភេទ​៦ តម្លៃ ២០០ ដុល្លារ /​ម​២ ប្រភេទ​៣ តម្លៃ ១០០ ដុល្លារ /​ម​២ ប្រភេទ​៨ តម្លៃ ៧៥ ដុល្លារ /​ម​២ ប្រភេទ​៩ តម្លៃ ៥០ ដុល្លារ /​ម​២ និង​ប្រភេទ ១០ គឺជា​អចលនទ្រព្យ ដែល​ស្ថិតនៅ​តាម​ភូមិ​ជាយក្រុង ដែល​មាន​តម្លៃ​ចាប់ពី ២ ដុល្លារ រហូត ដល់ ១៥០ ដុល្លារ ក្នុង​មួយ​ម៉ែត្រការ៉េ នៅ​តាម​ស្ថានភាព​ជាក់ស្តែង​។​

​ចំណែក​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ ដែល​បាន​ដឹកនាំ​អង្គប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ ដើម្បី​ពិភាក្សា​វាយតម្លៃ​ឡើងវិញ អំពី​តម្លៃ​អចលនទ្រព្យ បាន​គូសបញ្ជាក់ថា ការបង់ពន្ធ​លើ​អចលនទ្រព្យ គឺជា​កាតព្វកិច្ច​របស់​ប្រជាពលរដ្ឋ ដែល​កាលពី​ឆ្នាំ ២០១១ កន្លង​មក​មកនេះ អាជ្ញាធរ​មូលដ្ឋាន​គ្រប់​លំដាប់ថ្នាក់ បាន​សហការ​ជាមួយ​អង្គភាព​ពន្ធដារ ពិសេស ការចូលរួម​ពី​ប្រជាពលរដ្ឋ​បាន​ធ្វើឲ្យ ការប្រមូល​ពន្ធ​លើ​អចលនទ្រព្យ ប្រព្រឹត្តទៅ​បាន​យ៉ាង​គាប់ប្រសើរ​។

​លោក​អភិបាលរង បាន​បន្តទៀតថា បន្ទាប់​ពី​មានការ​ឯកភាព​ចំពោះ​តម្លៃ​ពន្ធ​អចលនទ្រព្យ ដែល​បាន​កែសម្រួល​ឡើងវិញ សម្រាប់​ឆ្នាំ​២០១២ ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ហើយ​នោះ អាជ្ញាធរ​មូលដ្ឋាន ដែលជា​អ្នក​អនុវត្ត​ផ្ទាល់​ទាំងអស់​ត្រូវ​ធ្វើ​ការផ្សព្វផ្សាយ​ឲ្យបាន​ទូលំទូលាយ ជូន​ដល់​ប្រជាពលរដ្ឋ សំខាន់​ត្រូវ​ពន្យល់​ពួកគាត់​ឲ្យបាន​ជ្រួតជ្រាប និង​យល់ដឹង​ពី​កាតព្វកិច្ច​នៃ​ការបង់ពន្ធ​នេះ​។

​ទន្ទឹមនេះ លោក​អភិបាលរង បាន​មានប្រសាសន៍​បញ្ជាក់​ទៀត​ថា "​កន្លង​មក​មក ការប្រមូល​ពន្ធ​ពី​ប្រជាពលរដ្ឋ​ធម្មតា គឺ​យើង​បាន​អនុវត្ត​ទៅ​បាន​ដោយ​រលូន តែ​ចំពោះ​គ​ហិប​តី និង​អ្នកមាន​ដី​ធំៗ​វិញ យើង​នៅ​ជួប ការលំបាក​នៅឡើយ ដូចនេះ​អាជ្ញាធរ​ត្រូវតែ​ធ្វើ​លិខិត​អញ្ជើញ​ពួកគាត់​ទាំងនោះ ឲ្យមក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ ជូន​រដ្ឋ​ដូច​ប្រជាជន​ទូទៅ​ផងដែរ​។ ក្នុង​ករណី​បាន​អញ្ជើញ​ពួកគាត់​ចំនួន​បី​លើក​រួច​ហើយ ពួកគាត់​នៅតែ​មិន​មក បំពេញ​កាតព្វកិច្ច​នេះ​ទៀត អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ធ្វើ​សេចក្តីរាយការណ៍​ជាបន្ទាន់​មក​សាលា​រាជធានី​ភ្នំពេញ ដើម្បីឲ្យ សាលា​រាជធានី​ភ្នំពេញ បាន​បន្ត​សុំ​គោលការណ៍​ដឹកនាំ​ពី ក្រសួងមហាផ្ទៃ ពិសេស សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដើម្បី​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់​"៕​

No comments:

Post a Comment