Translate

ក្រុមហ៊ុន CELLCARD ទទួល​រង្វាន់​និយោជក​ល្អ​បំផុត​នៅ​អាស៊ី​


ភ្នំពេញ: Cellcard ដែលជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​ឈានមុខ​គេ​នៅ​កម្ពុជា បានទទួល​ពានរង្វាន់​ជា​ក្រុមហ៊ុន​មួយ ក្នុងចំណោម​ក្រុមហ៊ុន ដែលមាន​មនុស្ស ជាច្រើន ចង់​បម្រើការ​ឲ្យ​។ ថ្មីៗ​នេះ ក្រុមហ៊ុន Cellcard ដែល​បច្ចុប្បន្ន​មាន​បុគ្គលិក​ប្រមាណ ៧០០​នាក់​នៅ​ទូទាំងប្រទេស បានទទួល ពានរង្វាន់ និយោជក​ល្អ​បំផុត នៅ​អាស៊ី​សម្រាប់​ឆ្នាំ​២០១២​។ ពានរង្វាន់​ដែល​ត្រូវបាន​ប្រគល់ជូន​លោកស្រី Nicky Enriquez ប្រធាន​ផ្នែក​ធនធានមនុស្ស​របស់ Cellcard នៅឯ​ពិធី​មួយ​នៅ​ប្រទេស​សិង្ហ​បុរី ទទួលស្គាល់​ស្ថាប័ន​ចំនួន​១០០​នៅ​ទូទាំង​តំបន់​អាស៊ី ដែល​បង្ហាញ​ឲ្យ​ឃើញ នូវ​ការប្ដេជ្ញាចិត្ត ធ្វើជា ”​និយោជក​ដែល​បុគ្គលិក​ចូលចិត្ត​”​។

​ពានរង្វាន់​នេះ​ត្រូវបាន​ផ្ដល់ជូន​ជា​រៀងរាល់ឆ្នាំ​ដល់​ក្រុមហ៊ុន​ទាំងឡាយ ដែល​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការប្ដេជ្ញាចិត្ត ក្នុងការ​អនុវត្ត​ការគ្រប់គ្រង ធនធានមនុស្ស និង​យុទ្ធសាស្ត្រ​ស្លាក​សញ្ញា​ប្រកបដោយ​វិជ្ជាជីវៈ​។ ក្រុមហ៊ុន​ត្រូវបាន​វិនិច្ឆ័យ​ដោយ​ផ្អែកលើ​លទ្ធភាព​របស់ខ្លួន ក្នុងការ​ទាក់ទាញ និង​រក្សា​បុគ្គលិក ឲ្យ​នៅ​បម្រើ​ការងារ​។ ជ័យលាភី​ផ្សេងទៀត រួមមាន​សាខា​និង​ក្រុមហ៊ុន សម្ព័ន្ធ របស់​សាជីវកម្ម ធំៗ ដូចជា Google, Unilever, Microsoft, KPMG, P&G, Hutchison និង Huawei​។

​ប្រធាន​ធនធានមនុស្ស​នៃ​ក្រុមហ៊ុន Cellcard លោកស្រី Nicky Enriquez មានប្រសាសន៍ថា “​នេះ​ជា​សមិទ្ធផល ដ៏​ធំធេង ដែល​ក្រុមហ៊ុន យើង​ត្រូវបាន​ទទួលស្គាល់ថា ជា​និយោជក ដែលមាន​មនុស្ស​ជាច្រើន ចង់​បម្រើការ​ឲ្យ​។ Cellcard គឺជា​ក្រុមហ៊ុនទូរស័ព្ទ​ចល័ត​មួយ ដែល​ប្រតិបត្តិការ យូរ​ជាងគេ​បំផុត នៅ​កម្ពុជា និង​ជា​និយោជក​ធំជាងគេ​បំផុត​មួយ​ក្នុងចំណោម​និយោជក​ធំ​បំផុត​ជាច្រើន​នៅ​កម្ពុជា​។ ពានរង្វាន់​នេះ​គឺជា​ការបញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​និង​កិច្ចប្រឹងប្រែង​របស់​យើង​ក្នុងការ​បង្កើត​ការងារ និង​អភិវឌ្ឍន៍​ជំនាញ​នៅក្នុង​ប្រទេស​”​។​

​យោងតាម​វិទ្យាស្ថាន Employer Branding Institute ដែល​រៀបចំ​ពានរង្វាន់​នេះ ចៅក្រម​មួយក្រុម​មកពី ប្រទេស​ខុសៗ​គ្នា នៅក្នុង​តំបន់​អាស៊ី ជា​អ្នក​ជ្រើសរើស ក្រុមហ៊ុន​នានា មកពី​តំបន់​អាស៊ី​។ បន្ទាប់មក ក្រុមហ៊ុន​ទាំងនោះ​ត្រូវបាន​អញ្ជើញ​ឲ្យ​ប្រឡងប្រជែង​គ្នា​សម្រាប់​ពានរង្វាន់​ជាច្រើន ដែល​រាប់​តាំងពី​ពានរង្វាន់​និយោជក​ល្អ​បំផុត​រហូតដល់​ពានរង្វាន់​ភាពជា​អ្នកដឹកនាំ​របស់​ស្ត្រី​នៅក្នុង​ការងារ​។​

​លោកស្រី Enriquez មានប្រសាសន៍​បន្ថែមថា “​ជា​កិត្តិយស​ខ្លាំងណាស់ ដែល​ក្រុមហ៊ុន​យើង ត្រូវបាន​គេ​ពិចារណា​រួម ជាមួយនឹង​ក្រុមហ៊ុន​ធំៗ បំផុត នៅលើ​ពិភពលោក​។ នេះ​បង្ហាញ​អំពី​ភាព​ប្រកបដោយ​វិជ្ជាជីវៈ និង​ការ​ប្រកាន់ខ្ជាប់​នូវ​ស្តង់ដារ​ខ្ពស់បំផុត​នៅក្នុង​ការគ្រប់គ្រង​បុគ្គលិក ក៏ដូចជា​ប្រតិបត្តិការ​ធុរកិច្ច​ទូទៅ​”​។​

​ពិធី​ប្រគល់​ពានរង្វាន់​ដែល​បានធ្វើ​ឡើង​នៅឯ​សណ្ឋាគារ Park Royal នៅ​ប្រទេស​សិង្ហ​បុរី កាលពី​សប្ដាហ៍​កន្លងទៅ មានការ​ចូលរួម ពី​សំណាក់ ប្រធាន​ក្រុមហ៊ុន និង​ប្រធាន​ផ្នែក ធនធានមនុស្ស មកពី​ប្រទេស​នានា​ទូទាំង​តំបន់​។ Cellcard គឺជា​បណ្ដាញ​ទូរគមនាគមន៍ ឈានមុខ​គេ នៅក្នុង ប្រទេស​កម្ពុជា​។ ក្រុមហ៊ុន Cellcard ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​១៩៩៦ និង​បានផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត ដល់​ប្រជាពលរដ្ឋ​កម្ពុជា រាប់លាន​នាក់ ក្នុង​រយៈពេល​ជាង​មួយ​ទសវត្សរ៍​កន្លះ​កន្លងមក​។

​បច្ចុប្បន្ន ក្រុមហ៊ុន​មាន​បុគ្គលិក​ជាង ៧០០​នាក់​ដែល​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ​ជាច្រើន​កន្លែង​នៅ​ទូទាំងប្រទេស​កម្ពុជា និង​មាន​អតិថិជន ប្រមាណ ៣​លាន​នាក់ ដែលមាន​បណ្ដាញ​សេវា​ទូរស័ព្ទ​ចល័ត​គ្របដណ្ដប់​ទូទាំងប្រទេស​។ ទោះ​ស្ថិតក្នុង​ទីផ្សារ ទូរគមនាគមន៍ ដែល​វិ​វ​ឌ្ឍ ឥតឈប់ឈរ​ក្ដី ក្រុមហ៊ុន Cellcard នៅតែ​បន្ដ​ផ្ដល់​សេវា​ជូន​ប្រទេស​កម្ពុជា ក៏ដូចជា​ប្រជាជន​កម្ពុជា​ប្រកបដោយ​ការប្ដេជ្ញាចិត្ត​ខ្ពស់​៕
Give our kids a better deal

No comments:

Post a Comment